Latest Movies :
Showing posts with label ឯកសារផ្សេងៗ. Show all posts
Showing posts with label ឯកសារផ្សេងៗ. Show all posts

ថ្មដុស​ថ្នាំ​នៅតាម​ប្រាសាទបុរាណ​ខ្មែរ​

   

ថ្មដុស​ថ្នាំ​នៅតាម​ប្រាសាទបុរាណ​ខ្មែរ​

ក្នុងសម័យនគរភ្នំ ជាពិសេសនៅទីក្រុងអង្គរបុរី ការព្យាបាលជម្ងឺជាកិច្ចមួយយ៉ាងសំខាន់ ក្នុងចំណោមកិច្ចចម្បងៗទាំងអម្បាលម៉ាន ដែលអ្នកធម្មយាត្រាប៉ងប្រាថ្នា។ ម្ល៉ោះហើយបានជាយើងឃើញនៅតាមប្រាសាទនានានូវវត្តមានរបស់ថ្មកាន់ ថ្នាំ និងអង្រែសម្រាប់កិនយ៉ាងច្រើន។ តែភាគច្រើនបុរាណវត្ថុទាំងនោះស្ថិតក្នុងភាពបាក់បែក លើកលែងតែករណីខ្លះតែប៉ុណ្ណោះ។
    ជួនកាលថ្មកាន់ថ្នាំខ្លះ គឺជាវត្ថុសក្ការៈតែម្តង ដូចថ្មកាន់ថ្នាំមួយ ដែលមានសិលាចារឹកចារពីលើ នៅផ្ទះអ្នកស្រុកម្នាក់។ តែជាការសោកស្តាយ ថ្មដ៏សំខាន់នេះ ដែលយើងបានឃើញជាមួយលោក ឃីន សុខ កាលពីឆ្នាំ ១៩៩៥ ឥឡូវនេះ ត្រូវម្ចាស់ផ្ទះលក់ឲ្យឈ្មួយមកពីភ្នំបាត់ទៅហើយ។

ថ្ម សម្រាប់កិន ឬដុសថ្នាំ សម័យនគរភ្នំ សារមន្ទីរអង្គរបុរី (ម.ត ២០១២)

    សូមជម្រាបថា ចំពោះប្រភេទថ្ម កាន់ថ្នាំបុរាណទាំងនោះ លោកហ្សក ស៊ឺដេស បានដាក់ឈ្មោះថា បេសនី ជាភាសាសំស្ក្រឹត ជំនួសពាក្យខ្មែរថ្មបស ដែលមានក្នុងសិលាចារឹក តែសព្វថ្ងៃបានបាត់បង់ពីស័ព្ទខ្មែរទៅហើយ។    មូលហេតុដែលយើងលើកយកករណីថ្មកិនថ្នាំនាសម័យបុរាណមកសិក្សាដោយ សង្ខេប ដោយសារហេតុថា យើងចង់បង្ហាញថា ការប្រើថ្មកិនថ្នាំនេះ មិនត្រឹមតែត្រូវបានធ្វើឡើងនៅអង្គរបុរី ឬនៅវីទីអ៊ូថង ពិសម័យបុរេអង្គរ រហូតដល់សម័យអង្គរតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបុរាណ រួមមានប្រទេសវៀតណាមខាងត្បូង លាវ និង ថៃផងដែរ។ ដូច្នេះ ក្នុងអត្ថបទដ៏ខ្លីនេះ យើងសូមលើកយកឯកសាររូបភាពមួយចំនួនមកបង្ហាញជាឧទាហរណ៍ជាក់ស្តែង។ សូមជម្រាបថា វត្ថុបុរាណទាំងនោះ ដែលមានអាយុកាល ឬខ្នាតខុសៗគ្នាសព្វថ្ងៃនេះ ត្រូវបានតម្កល់ទុកនៅតាមសារមន្ទីរជាតិ ឬឯកជនមួយចំនួននៅក្រៅប្រទេស។
    ថ្មកិនថ្នាំជាច្រើនប្រភេទ នាសម័យវប្បធម៌នគរភ្នំ ពោលគឺក្នុងយុគវប្បធម៌ចាស់ជាងគេ ដែលបានប្រសូតឡើងក្នុងអម្លុងស.វទី១ ដល់ទី៧នៃគ.ស ត្រូវបានជួបប្រទះនៅទីក្រុងវ្យាធបុរៈ ឬអង្គរបុរី (ទីក្រុងទាក់ ឬប្រមាញ់ដំរី)។ ម្យ៉ាងវិញទៀត យើងក៏បានឃើញប្រភេទថ្មបសនេះនៅតាមអូរកែវ និងនៅទីក្រុងបុរាណនាសម័យនគរភ្នំមួយទៀត សព្វថ្ងៃនៅប្រទេសថៃ គឺទីក្រុងអ៊ូថង។ ជានិច្ចកាល គេដាក់ថ្នាំជារុក្ខជាតិផ្សេងៗនៅលើថ្មបស ហើយយកអង្រែកិនឲ្យហ្មត់។
ថ្មកិនថ្នាំ សម័យវប្បធម៌បាយ័ន ស.វទី ១២-១៣ សារមន្ទីរជាតិខេត្តសៀមរាប (ម.ត ២០១១)
    នៅសម័យចេនឡា ឧទាហរណ៍ជាក់ស្តែងស្តីពីការប្រើថ្មបសកិនថ្នាំ គឺនៅក្រុមប្រាសាទសម្បូរព្រៃគុក បានបន្សល់ទុកត្បូង ចម្លាក់ថ្ម មួយចំនួន ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរនៃទីរួមខេត្តកំពង់ធំ។
    រីឯនៅសម័យអង្គរវិញ ការប្រើថ្ម និងអង្រែកិនថ្នាំខាងលើ ត្រូវបានបន្តមិនខុសពីសម័យបុរេអង្គរទេ តែទម្រង់ឬក្បាច់ក្បូរខ្លះ បើសិនជាមានលក្ខណៈខុសប្លែកពីគ្នា។ តាមពិតទៅ តាមការសង្កេតទម្រង់ឧបករណ៍ទាំងនោះ បានផ្លាស់ប្តូរបន្តិចបន្តួចទេ ដោយការវិវត្តន៍នៃសម័យកាល។
    អំពីប្រភពនៃថ្មកិនថ្នាំ សូមបញ្ជាក់សារជាថ្មីឡើងវិញ មានអត្ថបទជាច្រើន បាននិយាយដល់បញ្ហានេះ តែពន្យល់ថា ពាក្យសំស្ក្រឹត បេសណី នោះ ត្រូវនឹងពាក្យថ្មបស ក្នុងសិលាចារឹកខ្មែរឡើយ។ តាមការស្រាវជ្រាវថ្មីរបស់យើង ក៏បានឃើញមានការបកស្រាយយ៉ាងសមហេតុផលនៃប្រភពខ្មែរនៃពាក្យនេះ ដែលយើងសូមគាំទ្រទាំងស្រុង។ តាមពិតទៅ ការស្រាវជ្រាវរបស់យើងនៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅខេត្តសុរិន្ទ្រ និងស៊ីសាកេត ក៏បានបញ្ជាក់អំពីប្រភពនៃពាក្យថ្មបស ខាងលើនេះដែរ។ នាពេលបច្ចុប្បន្ននេះ សហគមន៍ខ្មែរនៅក្នុងប្រទេសថៃ នៅតែប្រើពាក្យថ្មបស សម្រាប់ថ្នាំ។ ជួនកាលគេក៏ប្រើពាក្យបូតដែរ។
    ហេតុអ្វីបានជាសំនៀងថ្មបស ក្នុងភាសាខ្មែរ នៅកម្ពុជាបុរាណ បានប្រែក្លាយទៅជាថ្មបូត ក្នុសហគមន៍ខ្មែរសុរិន្ទ្រនៅថៃទៅវិញ។ តាមពិតទៅ ស្ថិតក្រោមឥទ្ធិពលថៃ ឬសៀម សំនៀងនៃអក្សរខាងចុង គ្រាន់តែបានក្លាយទៅត តាមនិរុទ្តសាស្ត្រសៀមតែប៉ុណ្ណោះ។ ឧទាហរណ៍ ពាក្យអាកាសរបស់ខ្មែរ សៀមអានថា អាកាត, បូស សៀមអានថា បួត ៘
    ដូចនេះ ពាក្យថ្មបេសនីសំស្ក្រឹត ត្រូវនឹងពាក្យថ្មបូស របស់ខ្មែរបុរាណយ៉ាងប្រាកដ ដែលគេសរសេរភ្ននស្រះ។ មានន័យថា ថ្មដុះ ឬកិន និងថ្មបូស (អានថាបោស ដូចបោសសំអាតដែរ) គឺសំដៅលើឧបករណ៍កាន់ថ្នាំតែមួយសម្រាប់ ព្យាបាលរោគនៅតាមបូជនីយដ្ឋាននានាសម័យបុរាណនេះឯង។
    មួយវិញទៀត ប្រពៃណីប្រើថ្មសម្រាប់កិនថ្នាំ ត្រូវបានរក្សារហូតដល់សព្វថ្ងៃ នៅប្រទេសខ្មែរក៏ដូចនៅប្រទេសថៃនិងលាវ។ ប្រជាជនទាំង៣ប្រទេស រមែងតែកិនថ្នាំ ដែលជាឫសឈើ ដូចដែលលោកហ្សក ស៊ឺដេសបានកត់សម្គាល់។
    សរុបសេចក្តីមក ប្រពៃណីប្រើថ្មកិនថ្នាំ ដោយមានអង្រែនាសម័យបច្ចុប្បន្ន ត្រូវផ្សារភ្ជាប់នឹងសម័យវប្បធម៌បុរេអង្គរនៃនគរភ្នំ ឬហ្វូ-ណន យ៉ាងប្រាកដ។ ប៉ុន្តែអ្វីដែលសំខាន់ក្រៅពីការវិវត្តន៍នៃទម្រង់ថ្មនោះ គឺគេប្រើសម្រាប់កិនថ្នាំច្រើនជាង កាន់វត្ថុសម្រាប់ទទួលទានជាម្ហូបអាហារ។ ម្ល៉ោះហើយ គេរមែងតែជួបប្រទះថ្មបស និងអង្រែនៅតាមបូជនិយដ្ឋានមួយចំនួន ដូចជាប្រាង្គប្រាសាទ ឬពុទ្ធមណ្ឌលតែប៉ុណ្ណោះ៕

ប្រវត្តិ​ប្រាសាទ​ភូមិ​ពោន​នៅ​ស្រុក​ស​ង្គ : ខេត្ត​សុ​រិ​ន្ទ្រ (​ភាគ​ទី ២)

 

ប្រវត្តិ​ប្រាសាទ​ភូមិ​ពោន​នៅ​ស្រុក​ស​ង្គ : ខេត្ត​សុ​រិ​ន្ទ្រ (​ភាគ​ទី ២)


 ព្រះនាងបានលែងកន្ទោងឲ្យលយទៅក្នុងទឹក។ ក្នុងវេលានោះ ទឹកស្រះមានសភាពស្ងប់ឈឹង តែកន្ទោងដែលបណ្តែតទៅ រ៉បៗ វិលទៅ វិលមក មួយពព្រិចភ្នែក កន្ទោងរបស់ព្រះនាងក៏បាត់ទៅពីខ្សែព្រះនេត្រ(៨)
    និយាយពីនគរមួយទៀត ចៅ មឿង ដែលជាអ្នកគ្រប់គ្រងប្រទេសនោះ មានឈ្មោះថា ហលមាន ឬហនុមាន។ អាណាចក្រនោះមានអានុភាពខ្លាំងពូកែណាស់។ មានព្រះឱរសម្នាក់ មានរូបរាងដូចប្រជាជនក្នុងនគរនេះ គឺរូបរាងធំ ពណ៌សម្បុរស តែក៏មានគុណធម៌រក្សាពាក្យសច្ចៈល្អណាស់ នាំឲ្យនគរមានភាពត្រជាក់ត្រជុំសុខដុមរមនា មានឫទ្ធានុភាពខ្លាំងពូកែ កេរ្តិ៍ឈ្មោះឮខ្ចរខ្ចាយទូទៅ។
ថ្ងៃមួយព្រះរាជឱរសនៃនគរហលមាន ចុះទៅមុជទឹកស្រះឧទ្យានរបស់ព្រះរាជវង្ស ព្រមដោយពួកពលអាមាត្យដ៏ជិតស្និទ្ធ ខណៈដែលយាងដល់ស្រះហលមាន ក៏បានឃើញកន្ទោងអណ្តែតក្នុងស្រះ ដែលព្រះអង្គធ្លាប់ស្រង់ទឹកនោះ។ ចំណែកទាហានដែលតាមដង្ហែរទៅនោះ មិនឃើញកន្ទោងទេ។ នៅពេលព្រះរាជឱរសហលមានឃើញដូច្នោះហើយ ក៏ប្រញាប់លោតចុះទៅចាប់កន្ទោងនោះមកមើល(៩) ។ លុះបានឃើញរូបព្រះនាងដែលបានគូរដាក់ក្នុងកន្ទោងនោះ ក៏កើតមានព្រះទ័យរសាប់រសល់ ខ្វល់ខ្វាយ និងបដិព័ទ្ធភ្លាម។ ព្រះអង្គក៏ប្រញាប់ប្រញាល់វិលមកកាន់ព្រះរាជដំណាក់វិញ ដោយទ្រង់មិនបានចុះទៅលេងទឹក។ នៅពេលត្រឡប់មកដល់រាជវាំង ក៏គង់សញ្ជប់សញ្ជឹងរំពឹងគិតដល់តែព្រះនាង នូវពាក្យដែលទូលចេញមក អង្វរកសូមឲ្យជួយថែរក្សាព្រះនាង ដែលមានអក្សរសរសេរដាក់លើកន្ទោងនោះ។ ព្រះអង្គទ្រង់គិតឃើញតែព្រះនាងពេក ព្រះក្រយាក៏មិនសោយ ព្រះឧទកៈក៏មិនស្រេក ផ្ទុំក៏មិនលក់ ទាល់តែជ្រាបដល់ព្រះមាតា និងបិតា ទើបទ្រង់យាងមកសួរថា : កើតរឿងហេតុអី ក៏ព្រះរាជបុត្រទ្រង់សោកសៅដល់ថ្នាក់នេះ។ នៅពេលនោះ ព្រះរាជមាតាទ្រង់បានឃើញកន្ទោងដែលតំកល់ទុកនៅមុខព្រះភ័ក្ត្ររបស់ ព្រះរាជបុត្រ ព្រមទាំងគំនូរព្រះនាងស៊ីច័ន្ទ ព្រមទាំងពាក្យបរិយាយនៅកន្ទោងឲ្យទ្រង់ជ្រាប។ ទើបព្រះរាជបិតាទ្រង់បញ្ជាឲ្យនាយព្រានព្រៃជួយដើររកម្ចាស់កន្ទោង នៅទីណា? ចាប់ផ្តើមដោយវិធីកម្ម រកទិសទាយថា នៅទិសណាស្រេចហើយ ក៏ព្រះរាជបុត្រា ព្រមដោយពលសេនាក្លែងព្រះកាយ ដោយឫទ្ធិអំណាចវេទមន្តគាថាបំបាំងខ្លួន ហោះហើរដើរលើអាកាស នៅផ្លូវខាងទិសប្រាសាទ ក៏នាំគ្នាដើរតាមផ្លូវមកមើលប្រាសាទ ហើយនិងព្រះនាង ដែលជាម្ចាស់របស់ប្រាសាទ។ ចំណែកព្រះនាងឃើញដូច្នោះហើយ ក៏ទ្រង់ភ័យខ្លាំងណាស់។ ដោយបានទ្រង់ឮសម្លេងគឹកកង ខ្ទរខ្ទារ តែទ្រង់មើលពុំឃើញ មិនដឹងជាយ៉ាងណា។ ព្រះនាងទ្រង់រត់ចូលក្នុងប្រាសាទបិទទ្វារជិត ភ័យខ្លាំងញ័រព្រះកាយ។ ព្រះរាជឱរសនៃនគរហលមាន ក្រោយពីបានឃើញព្រះនាងហើយ ក៏នាំគ្នាហោះហើរ តាមអាកាសត្រឡប់ទៅនគរវិញ។


ប្រាសាទភូមិពោន នៅស្រុកសង្គៈ ខេត្តសុរិន្ទ (ម.ត ១៩៨៦ និង ១៩៩៣)

    នៅពេលដែលព្រះរាជឱរសនៃនគរហមាន ទ្រង់បានត្រឡប់មកនគរ ក៏ក្រាបទូលព្រះរាជបិតា។ ទ្រង់ជ្រាបសព្វគ្រប់ប្រការហើយ ទ្រង់មានព្រះតំរិះនឹងទៅសុំដណ្តឹងព្រះនាងឲ្យត្រូវតាមប្រពៃណី។ ការធ្វើដំណើរទៅរកនាងលើកក្រោយនេះ ព្រះរាជឱរសនៃនគរហលមាន បានដើរដោយវិធីជ្រែកដី ចាប់ផ្តើមធ្វើដំណើរទៅ កាលណាផែនដីរំជើបរំជួល(១០) ។ សូរសៀងគឺកកងរំពងទូទៅ ដូចដំណើរលើកទ័ពរាប់ម៉ឺនរាប់សែន។ លុះទ្រង់ធ្វើដំណើរយាមកទិសខាងលិចនៃភូមិពោន មិនមានអ្នកណាម្នាក់មើលឃើញសោះ ទាំងបណ្តាព្រះរាជនីតា និងកងពលទាហានយោធាក្នុងប្រាសាទភូមិនោះ។ ទ្រង់ក៏បានយាងចូលក្នុងប្រាសាទ ដោយបិទទ្វារយ៉ាងជិត យ៉ាងរឹងមាំ និងនៅក្នុងប្រាសាទនេះហើយ ក៏បានឲ្យនាយទាហានជិតស្និទ្ធ ព្រមទាំងមន្ត្រីរាជការជាន់ខ្ពស់ទាំងនោះទៅនៅជាមួយចំនួន ១០១នាក់ចូលទៅ។ តែឲ្យឃើញរូបនាងបានតែ ៣នាក់ប៉ុណ្ណោះ ក្រៅពីនេះមិនឲ្យមើលឃើញ។ នៅពេលដែលបិទទ្វារប្រាសាទខាងមុខហើយ ការចូលចេញពីប្រាសាទ ត្រូវចូលចេញតាមទ្វារ (លាក់លៀម) បានតែតាមទិសខាងលិច ឈៀងខាងជើងប៉ុណ្ណោះទេ។ ព្រះរាជឱរសនៃនគរហលមាន បានបង្កប់ខ្លួនទៅមុខប្រាសាទ ព្រមទាំងអង្គរក្សឆ្វេងស្តាំ ក្រៅពីនោះរកមើលមិនឃើញតួព្រះអង្គ។ ក៏ទ្រង់ទទូចសូមឲ្យព្រះនាងបើកទ្វារ តែនាងមិនព្រមបើកទ្វារឲ្យចូល។ ព្រះអង្គអង្វរកយូរណាស់ ព្រះនាងនៅតែមិនព្រមបើកទ្វារប្រាសាទសោះ ដោយព្រះនាងភ័យខ្លាំងណាស់(១១) ។ ទីបំផុតព្រះរាជបុត្រហលមានសុំត្រឹមតែឲ្យព្រះនាងមេត្តាបង្ហើបទ្វារ ប្រាសាទបន្តិចតែប៉ុណ្ណោះ ដើម្បីឲ្យព្រះអង្គអាចហុចរបស់មួយសងទៅព្រះនាងវិញ គឺកន្ទោងដែលព្រះនាងដោះធំបានផ្សង រកគូព្រេងតាមខ្សែទឹក។ ធ្វើយ៉ាងនេះ ព្រះរាជកុមារគ្រាន់តែមានបំណងបង្ហាញទៅព្រះនាងនូវចេតនារម្មណ៍ដ៏ បរិសុទ្ធរបស់ព្រះអង្គ ឆ្លើយតបនឹងចំណារអក្សរកន្ទោងផ្សងរកព្រះស្វាមីប៉ុណ្ណោះ។ រឿងសុខចិត្តស្រឡាញ់ ឬ មិនស្រឡាញ់ព្រះអង្គស្រេចតែព្រះទ័យរបស់ព្រះនាងទៅវិញទេ។
    តាមពិតទៅ ប្រកបដោយកំលាំងឫទ្ធីតេជៈ ព្រះរាជកុមារាចកំទេចទ្វារប្រាសាទបានដោយងាយ ក៏ប៉ុន្តែផ្ទុយទៅវិញ គុណធម៌ និងព្រហ្មវិហារធម៌របស់ព្រះអង្គចំពោះព្រះនាងនៅក្នុងពេលនេះ បានកើតឡើងមួយជាទ្វេរ។ ដូច្នេះហើយ ក្រោយពីអង្វរកយ៉ាងយូរ ព្រះនាងក៏បានយល់ព្រមដកគន្លឹះទ្វារ បង្ហើបទ្វារល្មមនឹងទទួលកន្ទោងរបស់ព្រះនាងវិញ។
    ក្រោយពីបានទទួលការពិត ពោលគឺក្រោយពីបានឃើញគំនូររបស់ព្រះនាង ប្រអប់ដាក់គ្រឿងក្រអូប ព្រមទាំងសក់ ៧សរសៃ និងកំរងពាក្យរៀបរាប់វត្ថុបំណងរបស់ព្រះនាង ព្រះនាងក៏បានព្រមបើកទ្វារទទួលរាជកុមារ។ ព្រះនាងទ្រង់ព្រះកន្សែងសោកា ដោយឃើញថា ព្រះរាជកុមារពុំមានលក្ខណៈជាមនុស្សធម្មតាដូចគេឯង តែផ្ទុយទៅវិញគឺសត្វស្វា។ ព្រះអង្គមានរាងកាយធំខ្ពស់ មាំមួយ បបូរមាត់ក្រាស់ ស្បែកខ្មៅ ហើយសក់ក្រញាញ់។ ព្រះរាជកុមារឃើញដូច្នេះ ព្រះអង្គក៏ចោលពាក្យលួងលោមព្រះនាងថា : ’ឱ! ព្រះរាជធីតាអើយ សូមព្រះនាងកុំភ័យភិតឲ្យសោះឡើយ ទោះបីតែយើងមានរូបរាងកាយខុសពីមនុស្សធម្មតា ឬមិនដូចព្រះនាង ក៏ប៉ុន្តែរូបយើងនេះ រមែងគោរពនូវសីលធម៌ និងសច្ចធម៌ជានិច្ច ជាងខ្លួនរបស់ព្រះនាងទៅទៀត ហើយនៅតែអាណិតស្រឡាញ់ព្រះនាងរហូតដល់ដល់ជីវិតក្ស័យ ទោះបីព្រះនាងស្រឡាញ់យើង ឬមិនស្រឡាញ់យើងក៏ដោយ។ បើប្រសិនជានាង មិនព្រមយក យើងធ្វើជាព្រះស្វាមីក៏ដោយ យើងក៏មិនបង្ខំព្រះនាងដែរ។ ម្យ៉ាងទៀត សូមព្រះនាងជ្រាបថា យើងនៅតែរក្សាព្រះនាងជានិច្ចកាល ហើយបើព្រះនាងប្រាថ្នាចង់បាននូវវត្ថុអ្វីៗដែលមានក្នុងលោកនេះ យើងនឹងធ្វើឲ្យព្រះនាងសម្រេចនូវព្រះរាជបំណងពុំខានឡើយ។ នៅពេលខាងមុខនេះ យើងនឹងសូមលាព្រះនាងត្រឡប់ទៅព្រះរាជនគររបស់យើងវិញពុំខានដែរ។ ឮព្រះវាចាដូច្នេះ សេចក្តីភ័យខ្លាចរបស់ព្រះនាងក៏រលាយបន្តិចម្តងៗ ហើយព្រះនាងក៏បានសួរទៅកាន់ព្រះរាជកុមារថា : ’តើព្រះអង្គបាននាំទ័ពមកទីនេះប៉ុន្មាននាក់ ព្រោះខ្ញុំម្ចាស់បានឮសម្លេងគគ្រឹកគគ្រេងណាស់ តែមើលមិនឃើញរូបរាងកាយសោះ ក្រៅពីព្រះអង្គ និងងទាហានជំនិតពីរនាក់ឆ្វេងស្តាំរបស់ព្រះអង្គតែប៉ុណ្ណោះ។ ព្រះរាជកុមារឆ្លើយថា ហេតុដែលព្រះនាងពុំបានឃើញទ័ពទាំងនោះឲ្យបង្ហាញមុខនៅមុខប្រាសាទ ដែលមានចំនួនទាំងអស់ ១០១នាក់(១២)
    ព្រះរាជបុត្របានត្រូវព្រះនាង ស៊ីច័ន្ទ ឬនាងដោះធំ ទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ព្រះនាងបានអង្វរព្រះរាជបុត្រហនុមានឲ្យជួយលើកផែនការ ដើម្បីកសាងកំពែងក្រុង ជីកស្រះ និងធ្វើប្រព័ន្ធប្រឡាយទឹក ប្រយោជន៍នឹងផ្តល់នូវវឌ្ឍនភាព និងសុភមង្គល ទៅប្រជាពលរដ្ឋក្នុងព្រះរាជធានីនេះ(១៣)
    កិច្ចការខាងលើនេះបានសំរេចជាស្ថាពរ ដោយអំណាចតេជៈដ៏ខ្លាំងក្លារបស់ព្រះរាជកុមារ និងការចូលរួមយ៉ាងស្វាហាប់របស់ពួកពលសេនារបស់ព្រះនាង។ ក្រៅពីជីកស្រះ ពួកគេបានរួមកំលាំងសាងសង់ទីក្រុង ដោយមានគូរទឹកព័ទ្ធជុំវិញកំពែងទាំងខាងក្នុង ទាំងខាងក្រៅទីក្រុងផង ដើម្បីជារបាំងការពារនឹងសត្រូវជិតឆ្ងាយ។ បន្ទាប់មក ពួកគេក៏បានធ្វើប្រព័ន្ធប្រឡាយបញ្ចេញបញ្ចូលទឹក និងទប់ទឹកសំរាប់ប្រើប្រាស់ ស្ថិតនៅខាងកើត និងផ្នែកខាងលិចនៃប្រាសាទ។
    គេឃើញស្រះជាច្រើនដូចជា ស្រះចែក, ស្រះតា, ស្រះត្រាវ, ស្រះប្រឺ និងស្រះចង្កោច ដែលមានទំនប់ជាប់គ្នានឹងស្រះត្លូន, ស្រះព្រីង និងស្រះម្រឹតូច ព្រមទាំងស្រះធំតូចមួយចំនួនទៀត ដែលស្ថិតនៅក្នុងភូមិពោន និងនៅជុំវិញខាងក្រៅភូមិពោន(១៤)។ ក្រៅពីនេះ ព្រះរាជកុមារបានកសាងឧទ្យានមួយយ៉ាងល្អប្រណិត សំរាប់សេចក្តីមនោរម្យរបស់ព្រះនាងដែរ។ ក៏ប៉ុន្តែ ទោះបីសេចក្តីស្នេហាដែលព្រះរាជកុមារមានចំពោះព្រះនា មានទំហំដ៏ធំធេងគ្មានកោះត្រើយ ហើយពោរពេញទៅដោយពលិកម្មដ៏មហិមាក៏ដោយ ក៏អ្វីៗស្ថិតនៅលើវាសនាពីបុព្វេសន្និវាស និងព្រហ្មលិខិតដែលបានចារទុកជាស្រេចមកតែប៉ុណ្ណោះ។ បុព្វហេតុដែលធ្វើឲ្យមានការព្រាត់ប្រាសនិរាស គឺបណ្តាលមកពីរូបកាយដ៏អាក្រក់របស់ព្រះរាជកុមារ។
    វត្ថុចុងក្រោយដែលព្រះរាជបុត្រហនុមាន បានចាត់ចែងធ្វើឡើងមុននឹងសូមលាត្រឡប់ទៅវិញដោយក្តីព្រួយបារម្ភ និងអាលោះអាល័យនោះ គឺស្គរជ័យមួយយ៉ាងធំ ហើយដើម្បីថែរក្សាវត្ថុអនុស្សាវរីយ៍នេះឲ្យបានគង់វង្ស ព្រះអង្គបានសាងសង់នូវរោងមួយយ៉ាងធំនៅក្បែរប្រាសាទ។
    ’នៅមុនពេលព្រះរាជកុមារ ស្តេចបានលាព្រះនាង ព្រះអង្គបានផ្តែផ្តាំថា : ចំពោះស្គរជ័យនេះ បើគ្មានហេតុការណ៍អាក្រក់ណាមួយមកបៀតបៀនទេ សូមកុំវាយឲ្យសោះ។ វាយស្គរជ័យនេះបានទាល់តែស្រុកកើតសង្គ្រាម កើតចលាចល សឹកសង្គ្រាម ឬក៏ត្រូវការឲ្យមានការជួយសង្គ្រោះអ្វីណាមួយផ្សេង។ ក្រោយពីបានផ្តែផ្តាំរួចព្រះរាជកុមារបានត្រឡប់យាងទៅនគររបស់ ព្រះអង្គវិញ ដោយមានពលរេហ៍របស់ព្រះនាងជូនដំណើរផង។
    មានបុរសកំសត់ពនេចរម្នាក់ រូបល្អសង្ហារឈ្មោះ ប៊ុនច័ន្ទ ដែលមានការស្មោះត្រង់ចំពោះព្រះរាជវង្សានុវង្ស ហើយជាមេទ័ពជំនិតធ្លាប់ហែរហមព្រះនាងតាំងពីដំបូងមកម្ល៉េះ។ បុរសនេះក៏បានលួចស្រឡាញ់ព្រះនាងដោយស្ងាត់ ហើយដកចិត្តពុំរួច ទោះបីខ្លួនជាអ្នកក្រីក្រតោកយ៉ាកយ៉ាងណាក៏ដោយ។ មេទ័ពរូបនេះបានសាងកូនប្រាសាទតូចមួយនៅទិសខាងជើង ដើម្បីបូជាសក្ការៈព្រះឥសូរ ក៏ប៉ុន្តែពុំទាន់ធ្វើរួចទេ ដោយហេតុថា សេចក្តីស្រឡាញ់ព្រះនាងវាពុះកញ្ជ្រោលពេក ធ្វើឲ្យការសាងសង់នេះរអាក់រអួលទៅវិញ ពោលគឺ កម្លោះគ្រាន់តែបានសាងសង់គ្រឹះ ហើយរៀបឥដ្ឋនៅលើជញ្ជាំងបានត្រឹមតែមួយដុំ ឬពីរដុំប៉ុណ្ណោះ។ មាណពនេះដឹងខ្លួនថា ខ្លួនមានសេចក្តីសុខពេលនៅជិតព្រះកាយព្រះនាង ឬក៏នៅពេលដែលជជែកលេងជាមួយព្រះនាងម្តងម្កាល។ ព្រះនាងមានសេចក្តីស្រឡាញ់ ស្មោះត្រង់ ស្និទ្ធស្នាល ជិតដិត រវាងនាយទាហាននេះតាំងពីដំបូងមកម្ល៉េះ ក៏ប៉ុន្តែថា ព្រះនាងនឹកស្រឡាញ់គេដែរនោះ ក៏មិនមែន ឬមួយថា ព្រះនាងស្អប់គេនោះក៏មិនមែនដែរ។ ពីព្រោះព្រះនាងគ្មានគំនិតគិតដូច្នេះទេក្នុងជំរៅចិត្តរស់ព្រះ នាង ដោយគ្រាន់តែព្រះនាស្រឡាញ់រាប់អានគ្មានគិតវណ្ណៈ ដូចជាបងប្អូនសាច់ញាតិតែប៉ុណ្ណោះ ខុសពីមេទ័ពដែលបាក់ចិត្តឈ្លក់វង្វេងលើរូបព្រះនាង។
    រាជធានីភូមិពោនមានសភាពរុងរឿថ្កុំថ្កើងអស្ចារ្យ ក្រោយពីព្រះអង្គម្ចាស់រាជបុត្ររបស់ស្តេចហនុមានបានសង់ប្រព័ន្ធ ផ្លូវទឹក ជីកស្រះ ធ្វើគូ័ទ្ធជុំវិញ និងកំពែងក្រុង ព្រមទាំងធ្វើស្គរជ័យរួច។ ប៉ុន្តែដោយសារតាំងពីសាងសង់ស្គរជ័យនេះរួចមក មិនទាន់មាននរណាម្នាក់មានឱកាសទូងស្គរនេះនៅឡើយ ហើយម្យ៉ាងទៀតបុរសកំសត់នេះ ជារៀងរាល់ថ្ងៃតែងតែបានឃើញស្គរនេះនៅពេលដើរទៅរកព្រះនាង។ ទាំងនេះជាហេតុបណ្តាលឲ្យខ្លួនមានចិត្តចង់ឮសម្លេងដ៏ពិរោះរបស់ ស្គរនេះ។ កម្លោះនេះ ក៏បានអង្វរព្រះនាងឲ្យទូងស្គរនេះ ក៏ប៉ុន្តែព្រះនាងបដិសេធម្តងហើយម្តងទៀត។ ជារៀងរាល់ព្រឹក, រាល់ថ្ងៃ, ខែ ឆ្នាំ បុរសនេះនៅតែអង្វរឲ្យព្រះនាងទូងស្គរដើម្បីឲ្យខ្លួនដឹងថា តើស្គរនេះមានសម្លេងពិរោះដល់កំរិតណា? រហូតដល់ថ្ងៃមួយ ព្រះនាងអត់ទ្រាំពុំបាន ក៏បានប្រាប់មេទ័ពនេះថា : ’ឱ ប៊ុនច័ន្ទអើយ! បើបងត្រូវការវាយស្គរជ័យនោះ សូមបងវាយទៅចុះ តែរវាងយើងនិង បងឯងនឹងត្រូវព្រាត់ប្រាស់គ្នា លែងមានឱកាសជួបមុខគ្នាអស់មួយជីវិតហើយ។
    ដោយទំនាយទេវតា ឬព្រហ្មលិខិត កម្លោះស្តាប់ពុំឮនូវពាក្យក្រើនរំលឹកដាស់តឿនពីព្រះនាងទេ ព្រោះគេគិតតែពីចង់វាយស្គរជ័យតែម្យ៉ាងប៉ុណ្ណោះ។ លុះអនុញ្ញាតឲ្យហើយ ក៏ម្នីម្នារត់ទៅវាយសំពងស្គរយ៉ាងពេញទំហឹងតែម្តងទៅ ហើយសម្លេងស្គរនេះ ក៏បានបញ្ចេញសម្លេងគឹកកងរំពងខ្ទរខ្ទារ ញ័ររញ្ជួយគ្រប់ទិសទីក្រុងព្រះរាជធានីភូមិពោន។ កម្លោះប៊ុន ច័ន្ទយារដៃសំពងស្គរ មួយដង ពីរដង ជាប់គ្នាឥតរួញរា ហើយអន្លូងពុំទាន់ដកចេញពីស្បែកស្គរផង ស្រាប់តែព្រះរាជកុមារ ព្រមទាំងទាហានប្រដាប់ដោយអាវុធគ្រប់ដៃ បានបង្ហាញខ្លួនមុខប្រាសាទជាបន្ទាន់។ ព្រះរាជកុមារមេទ័ពបានសួរទៅកាន់ព្រះនាងថា : ’តើមានកើតសឹកសង្គ្រាមនៅជិតទីក្រុងនេះឬបានជាទូងស្គរជ័យដូច្នេះ ?។ បើមានសេចក្តីក្តៅក្រហាយអ្វីមួយ ប្រាប់យើងៗនឹងជួយភ្លាមមួយរំពេច(១៥)
    ឮដូច្នោះ ព្រះនាងក៏បានតបនឹងសំណួររបស់ព្រះរាជកុមារវិញ ដោយបានលើកមូលហេតុទាំងប៉ុន្មានខាងលើនេះ។ ព្រះរាជកុមារ ក៏បានស្តីបន្ទោសព្រះនាងដែលពុំព្រមគោរពនូវពាក្យបណ្តាំរបស់ទ្រង់ ថា : ’បើគ្មានរឿងអាក្រក់កើតឡើង កុំឲ្យទូងស្គរជ័យឲ្យសោះ។ ដូច្នេះ បើថ្ងៃក្រោយមានមហន្តរាយកើតឡើង យើងនឹងពុំអាចជួយព្រះនាងបានទៀតទេ។ ការរាប់អានមេត្រីភាពរបស់យើងទាំងពីរចាត់ទុកថា ត្រូវបញ្ចប់ត្រឹមនេះចុះ។ មានព្រះបន្ទូលរួច ព្រះអង្គក៏នាំពលរេហ៍ត្រឡប់ទៅវិញបាត់ទៅ។
    សូមរំលឹកថា នគរដែលបានបញ្ជូនព្រានព្រៃមកដេញបាញ់សត្វ ហើយបានវង្វេងមកជួបប្រទះប្រាសាទភូមិពោននោះ បានត្រឡប់ទៅកាន់នគរដើមរបស់ខ្លួនហើយៗពួគគេបានក្រាបបង្គំព្រះរាជា ឲ្យជ្រាបអំពីរឿងដែលពួកគេបានជួបនឹងព្រះនាង ស៊ីច័ន្ទ ប្រកបដោយរូបឆោមល្អប្រិមប្រិយ៍។ លុះឮដំណឹងនេះភ្លាម ស្តេចអង្គនេះក៏លើកទ័ពធ្វើដំណើរមករកព្រះនាងមួយរំពេច។ ដោយសារនគរនេះដឹកនាំដោយមនុស្សបថុជ្ជនធម្មតា និងពុំមានឫទ្ធានុភាពអ្វីសោះ បានជាការធ្វើដំណើររបស់ស្តេចអង្គនេះ ត្រូវធ្វើឡើងអស់រយៈពេលវេលាជាច្រើនខែ។ អ្នកស្រុកគ្រាន់តែដឹងថា នគរនេះស្ថិតនៅទិសខាងលិចនៃរាជធានីភូមិពោនតែប៉ុណ្ណោះ។
    មហន្តរាយបានមកដល់ភូមិពោនហើយ។ ក្រោយពីបានទូងស្គរជ័យដោយគ្មានហេតុផល មិនយូរប៉ុន្មានស្រាប់តែទ័ពជួរក្រោយដាច់ឆ្ងាយពីគ្នា ព្រោះធ្វើដំណើរតាមគ្នាមិនទាន់។ នៅពេលដែលព្រះនាងបានឃើញទ័ពរបស់នគរព្រានព្រៃបានមកដល់រាជធានីភូមិ ពោន ព្រះនាងភិតភ័យក៏រត់គេចខ្លួនចូលសម្ងំក្នុងប្រាសាទ ហើយបិទទ្វារយ៉ាងរឹងមាំ។ ឃើញដូច្នេះ ស្តេចព្រានព្រៃក៏បានអង្វរកលួងលោមព្រះនាងឲ្យបើកទ្វារ ក៏ប៉ុន្តែព្រះនាងពុំព្រមជាដាច់ខាត។ គឺនៅពេលនេះហើយ ដេលព្រះនាងស្រណោះខ្លួន ហើយបន្ទោសខ្លួនថា ព្រះនាងគប្បីមិនត្រូវធ្វើខុសនឹងពាក្យសច្ចៈ ដែលថាព្រះនាងសុខចិត្តទទួលរាជបុត្ររបស់ហនុមានមកធ្វើជាព្រះស្វាមី ដើម្បីការពារនិងបីបាច់ថែរក្សាព្រះនាង តាមអត្ថន័យរបស់កន្ទោងដែលបានបណ្តែតទឹកក្នុងពេលកន្លងទៅថ្មីៗនេះ។ ម្យ៉ាងទៀត ព្រះនាងអស់សង្ឃឹម ហើយតូចចិត្តជាអតិបរមា ដោយពុំបានគោរពពាក្យផ្តាំផ្ញើ ក្នុងរឿងទូងស្គរជ័យដោយគ្មានហេតុផល។ ដោយមូលហេតុខាងលើនេះហើយ បានជាព្រះនាងមិនចង់រស់នៅលើលោកនេះតទៅទៀត។
    ដោយបានអង្វរព្រះនាងយ៉ាងយូរ ក៏ប៉ុន្តែព្រះនាងនៅតែមិនព្រមបើកទ្វារប្រាសាទ ស្តេចព្រានព្រៃបានរៀបចំផែនការថ្មីមួយ គឺការប្រើកំលាំងទ័ព ដោយយកកាំភ្លើងធំបាញ់បំបាក់ទ្វារប្រាសាទភូមិពោនតែម្តង។ មុនបាញ់កាំភ្លើង ពួកមេទ័ពដែលស្ថិតនៅខាងក្រៅប្រាសាទ បានពិភាក្សាគ្នាថា ពួកគេត្រូវនិយាយជជែកជាមួយព្រះនាងសិន ហើយបើឮសំលេងព្រះនាងនៅទិសខាងជើង ត្រូវបាញ់កាំភ្លើងធំពីទិសខាងត្បូង បើឮសំលេងព្រះនាងនៅទិសខាងត្បូង ត្រូវបាញ់ពីទិសខាងជើង។ ការពិភាក្សានេះ ព្រះនាងពុំបានដឹងឮទេ ព្រោះថា ព្រះនាងស្ថិតក្នុងប្រាសាទភូមិពោនឯណោះ។ ដូច្នេះ ព្រះនាងសម្រេចថា ពេលគេសួរព្រះនាង ព្រះនាងត្រូវឆ្លើយនៅទិសមួយ ហើយព្រះនាងនឹងលោតចូលទៅរងគ្រាប់កាំភ្លើងនៅទិសមួយទៀត ដើម្បីផ្តាច់ជីវិតស្លាប់ក្នុងពេលនេះ។
    ក្រោយពីរៀបចំកាំភ្លើងរួចរាល់ហើយ ស្តេចនគរព្រានព្រៃ បានហៅព្រះនាងដើម្បីពិនិត្យឲ្យដឹងថា តើព្រះនាងស៊ីច័ន្ទ ស្ថិតនៅទិសខាងណា? ពេលនោះព្រះនាងឆ្លើយថា នៅទិសខាងត្បូង ឯកាំភ្លើងក៏បានបាញ់ចេញពីទិសខាងជើងជាបន្ទាន់ កុំឲ្យរងគ្រោះដល់ព្រះនាង និងដើម្បីបើកទ្វារប្រាសាទផង។ រីឯព្រះនាងវិញ ក្រោយពីឆ្លើយតបរួចហើយ ក៏លោតចូលទៅទិសខាងជើង ដើម្បីទទួលគ្រាប់កាំភ្លើងក្នុងពេលនោះដែរ។
    ក្រោយពីបាញ់រួចហើយ ភាពស្ងប់ស្ងាត់ក៏មានមកវិញនៅទីនោះ។ គេឃើញទ្វារប្រាសាទត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ រីឯព្រះនាងវិញ ព្រះនាងត្រូវរបួសនឹងកំទេចថ្មបាក់ដៃជើងឆ្វេង ហើយរបួសបន្តិចបន្តួចនៅត្រង់លង្វែកដោះខាងឆ្វេងឡើងជាំខ្មៅរល។ ការមិនត្រូវរបួសធ្ងន់នេះ គឺដោយសារព្រះនាងបានការពារខ្លួន ដោយពាក់អាវស្រោបដោះធ្វើអំពីមាស។ ព្រះរាជានគរព្រានព្រៃ ក៏បានឲ្យពេទ្យជួយព្យាបាលព្រះនាងឲ្យរួចផុតពីគ្រោះថ្នាក់ ក្រោយពីយកនាងចេញពីប្រាសាទ ព្រោះថាព្រះអង្គសព្វព្រះទ័យនឹងរូបឆោមលោមពណ៌របស់ព្រះនាងខ្លាំងណាស់ ។ មិនយូរប៉ុន្មាន ព្រះនាងក៏ជាសះស្បើយដូចដើមវិញ។ អស់រយៈពេលបីយប់បីថ្ងៃ ព្រះអង្គក៏កំណត់ពេលវេលានឹងព្រះនាងឡើងជិះលើញ៉ែដំរី ដើម្បីត្រឡប់ទៅនគររបស់ព្រះអង្គវិញ។
    ព្រះនាងបានសំរេចព្រះទ័យ ត្រូវតែចាកចេញពីរាជធានីភូមិពោននេះ ក្រោយពីធ្លាក់ក្នុងព្រះហស្ថរបស់ស្តេចនគរព្រានព្រៃ ដែលសក្តិសមនឹងរូបរាងកាយរបស់ព្រះនាងទាំងគុណសម្បត្តិ ទាំងយសសក្តិ។ មុនព្រះនាងយាងចាកចេញពីភូមិពោន ព្រះនាងបានឈរសម្លឹងគយគនន់យ៉ាងយូរនូវអ្វីៗដែលព្រះនាងបានសាង ទុក និងបានចុះទៅស្រង់ទឹកជាលើកចុងក្រោយបំផុត ក្នុងស្រះរំចេក ដែលជាស្រះល្អដាច់គេក្នុងចំណោមស្រះទាំងអស់ក្នុងទីតាំងភូមិពោន ហើយម្យ៉ាងទៀត ស្រះនេះមានទំនប់ភ្លឺជាប់និងស្រះទាំងបី។ ព្រះនាងញាប់ញ័ររន្ធត់ ក្នុងចិត្តសោកសង្រេងអួលអាក់ ដោយហូរទឹកភ្នែករហាម។ នៅពេលនោះ ព្រះនាងនឹកស្រណោះដល់ស្រះតោ ដែលជាស្រះមួយស្ថិតនៅចំកណ្តាលមួយជាន់ទៀត។ គឺនៅទីនេះហើយ ដែលព្រះនាងធ្លាប់ដើរលេងកំសាន្ត លំហែកាយញឹកញយជាងគេ។ ក្នុងស្រះនោះ ព្រះនាងក៏បានឃើញនូវផ្កាឈូកពណ៌ស ពណ៌ក្រហម និងផ្កាឈើរីកស្គុះស្គាយ ព្រមទាំងដើមឈើធំៗដែលដុះតាមមាត់ស្រះនេះ ហើយដែលបានផ្តល់ចំពោះនាងស៊ីច័ន្ទ បានស្រណោះស្តាយនូវអ្វីៗទាំងអស់ ដែលនាងធ្លាប់ឃើញ ធ្លាប់ស្គាល់ ហើយដែលបានផ្តល់នូវសេចក្តីសុខចំពោះនាង(១៦)
    នៅថ្ងៃចុងក្រោយបំផុត ព្រះនាងបានដាំផ្ការំចេកផ្សងទុកក្នុងស្រះរំចេក ដែលព្រះនាងធ្លាប់មុជទឹករាល់ថ្ងៃ ដោយបានផ្តែផ្តាំទុកនឹងផ្ការំចេកថា : ’ឱ! ផ្ការំចេកអើយ យើងលែងបានឃើញអ្នកឯងទៀតហើយ ប៉ុន្តែបើយើងមានឱកាស យើងនឹងត្រឡប់មកភូមិពោនវិញពុំខាន យើងសូមឲ្យឯងចេញផ្កាមកចុះ។ ផ្ទុយទៅវិញ បើយើងមិនត្រឡប់វិលមកកាន់ទីនេះទេ សូមកុំឲ្យឯងចេញផ្កាឲ្យសោះ។
    ក្រោយពីផ្តែផ្តាំរួចហើយ ព្រះនាងក៏ត្រូវគេនាំទៅកាន់នគរមួយដែលស្ថិតនៅទិសខាលិចនៃភូមិ ពោន។ ពេលដែលស្តេចព្រានព្រៃយាងត្រឡប់ទៅកាន់នគររបស់ព្រះអង្គវិញ ដោយនាំព្រះនាងទៅជាមួយផងនោះ ព្រះអង្គយាងកាត់ភូមិស៊ីជ្រូក។ អ្នកស្រុកនៅតែទន្ទឹងរង់ចាំព្រះនាងយាងត្រឡប់មកវិញ តែគេពុំបានឃើញសោះឡើយ ហើយរីឯផ្ការំចេកដែលនាងបានដាំក្នុងស្រះរំចេកនោះវិញ ក៏គេមិនធ្លាប់ឃើញមានផ្កាសោះដែរ រហូតដល់សព្វថ្ងៃនេះ។
    ចំណែកទ័ពជួរក្រោយដែលឃ្លាតឆ្ងាយពីទ័ពនៅជួរមុខ នៅភូមិទ័ពដាច់នោះ លុះដឹងថាស្តេចបានទទួលជោគជ័យលើព្រះនាង សិរីច័ន្ទ្រ ពួកគេក៏លើកទ័ពស្តាត់ទៅរកទ័ពស្តេចនៅភូមិទ័ពទាន់ ដោយសារកងទ័ពទាំងអស់ត្រូវឈប់សំរាកយកកំលាំងនៅក្នុងភូមិរំដួល។ គឺនៅក្នុងភូមិរំដួលនេះហើយ ដែលកងទ័ពទាំងអស់បានរៀបចំពិធីជប់លៀងមួយ ដើម្បីអបអរសាទរនូវជ័យជំនះលើព្រះនាង ដោយស្តេចព្រានព្រៃរបស់គេ។ ពួកគេផឹកស្រាស្រវឹងជោគ ហើយច្រៀងរាំទាល់តែដួលរេល តាមភាពមនុស្សស្រវឹងស្រា ដែលភាសាថៃហៅថា ’ឡាំដួល”៕

ប្រាសាទ​ទំ​ព្រ​ង​នៅ​ខេត្តកំពង់ចាម

    ស្ថិតលើផ្លូវក្រឡែងកែងរវាងភូមិថ្មី ភូមិត្រប់ និងភូមិទំព្រង ក្នុង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ប្រាសាទ ទំព្រងត្រូវបានកសាងឡើងក្នុងឆ្នាំ រវាងគ្រិស្តសករាជ ឆ្នាំ ៩២០ ,៩២៦ និង ឆ្នាំ៩៤៣ ក្នុងរាជ្យរបស់ ព្រះបាទរាជាន្ទ្រវរ្ម័ន ទី២ ។
    ពេលមកដល់ផ្សារផ្អាវ គេត្រូវបត់ឆ្វេង ហើយបន្តដំណើរក្នុងចម្ថាយផ្លូវ ១០ គីឡូម៉ែត្រ ទើបមកដល់ប្រាសាទនេះ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីវត្តប្រើសមាស ។

ព្រះវិស្ណុអមដោយ រាជាយាទាំងពីរ ដែលឆ្លាក់លើជញ្ជាំងផ្នែកខាងក្នុងប្រាសាទ និង ផ្តែរនៃប្រាសាទទំព្រង

    ប្រាសាទទំព្រងគឺជាក្រុមប្រាសាទដែលមានតួប៉មបី ធ្វើអំពីឥដ្ឋតម្រៀបគ្នាជាជួរនៅលើខឿនថ្មបាយក្រៀមមួយដ៏រឹងមាំ ។ រីឯផ្តែរ សសរពេជ្រ ប្រអប់ឬ ស៊ុមទ្វារ នៃតួប៉មទាំងនោះលំអដោយក្បាច់ក្បូរគួរឲ្យគយគន់ ។ ខ្យល់អាកាសដ៏ល្អបរិសុទ្ធ គួបផ្សំនឹងសោភ័ណភាពនៃធម្មជាតិដែលមាន ភ្នំទាំង ៧ ហ៊ុំព័ន្ធជុំវិញរមណីយដ្ឋាននេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍រំភើបចិត្តក្រៃលែង ។
    តួប៉មកណ្តាលមានប្រវែង ៤ ម៉ែត្រ ចំណែកពីទៀតខ្លីជាង មានប្រវែងត្រឹមតែ ២,៨ ម៉ែត្រប៉ុណ្ណោះ ។ នៅខាងក្នុងនៃតួប៉មមានចម្លាក់ អាទិទេពបែបព្រហ្មញសាសនា ។ រីឯនៅមុខព្រះវិហារនៃប្រាសាទទំព្រង គេឃើញមានខ្ទមអ្នកតាចាស់ស្រុកមួយ ។
ចម្លាក់ព្រះវិស្ណុ ដៃទាំងប្រាំបី អមដោយព្រះជាយាទាំងពីរ

    សូមជម្រាបថា នៅលើជញ្ជាំង ឥដ្ឋនៃតួប៉មកណ្តាលនៃប្រាសាទទំព្រង  គេឃើញមានរូបចម្លាក់ ក្រឡោតខ្ពស់ ដូចនៅប្រាសាទក្រវ៉ាន់ខេត្តសៀមរាប តែបែមុខទៅរកទ្វារចូល ។ នៅជាប់នឹងជញ្ជាំងនៃតួប៉មខាងជើង គេឃើញរូបព្រះវិស្ណុ មានដៃ៤ ស្ថិតនៅចន្លោះទេពី ទាំងពីរ ។
    តាមពិតទៅ ជុំវិញតួប៉មប្រាសាទដែលនៅសេសសល់មានតួប៉មច្រើនតែឥឡូវនេះនៅសល់តែ ពីរប៉ុណ្ណោះ ។ តែមានរបស់រណ្តៅមានរាង ៤ ជ្រុងស្មើ មួយក្បែរព្រះវិហារថ្មី បញ្ជាក់ថាមានការលួចជីករកវត្ថុបុរាណដើម្បីជួញដូរ៕

ប្រាសាទព្រៃប្រាសាទ សម័យ​ចេនឡា​ខេត្តសៀមរាប​

ជាច្រើនឆ្នាំបានកន្លងមកហើយ ពោលគឺឆ្នាំ១៩៦៤ ជាមួយលោក អួង វន អតីតប្រធានអភិរក្សអង្គរ យើងបានទៅទស្សនាប្រាសាទ ព្រៃប្រាសាទ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងខេត្តសៀមរាប ។ ដោយហេតុថា យើងចង់ស្រាវជ្រាវអំពីវិស័យសិល្បៈស្ថាបត្យកម្ម សម័យបរេអង្គរ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន ។ បន្ថែមពីនោះវត្ថុបំណងរបស់យើងគឺ ការសង្គ្រោះសំណង់ស្ថាបត្យកម្មឥដ្ឋនេះដែរ ដេលនៅសល់តែខឿន គួឲ្យអណោចអាធមណាស់ ។ តែរហូតដល់សព្វថ្ងៃ ក្រោយពីលោកប្រធានអភិរក្សអង្គរ បានទទួលមរណភាពទៅ ប្រាសាទនេះក៏នៅតែពុំទាន់ទទួលបាននូវការអភិរក្សនៅឡើយ ។
    ជាការពិតប្រាសាទបុរេអង្គរនេះ ត្រូវបាក់បែក ខ្ទេចខ្ទាំ ដោយប្រការជាអវិជ្ជមានមួយចំនួនក្តី កាលបើយើងប្រៀបធៀបទៅនឹង សំណង់ស្ថាបត្យកម្មនាសម័យអង្គរ ។ ក៏ប៉ុន្តែ បើនិយាយខាងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ និងប្រវត្តិវប្បធម៌របស់ខ្លួនក្នុងខេត្តនេះ គឺវាមានសារសំខាន់ណាស់ ។ ដោយហេតុថា ផ្ទាំងសិលាចារឹកនិងក្បាច់ផ្តែរ នារចនាបថកំពង់ព្រះ (ចុងស.តទី៧ ដើមស.តទី៨) នៃប្រាសាទឥដ្ឋនេះ ជាកត្តាចម្បងមួយកំណត់នូវឫសកែវ នៃសម័យអង្គរ ដែលត្រូវបានផ្តើមឡើងនៅក្នុងទីរួមខេត្តសៀមរាប ចាប់ពីដើម ស.តទី៩ ដោយការសាងសង់នៅទីក្រុងអង្គរទី១ ឬយសោធរបុរៈ ។
ផ្តែរប្រាសាទ, ចរនាបទកំពុងព្រះ និងសិលាចារឹកនៅក្បែរប្រាសាទ (ថត១៩៩៤)

    ម្យ៉ាងទៀត គួររំលឹកថា ប្រាសាទនេះក៏ពុំទាន់ទទួលការសិក្សាស្រាវជ្រាវ យ៉ាងលំអិតណាមួយផងដែរ ដើម្បីទាញយកនូវទិន្នន័យប្រវត្តិសាស្ត្រ សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនៃប្រវត្តិនៃខេត្តសៀមរាប ។ បន្ថែមពីនោះផងដែរ យើងមានអារម្មណ៍ថា កាលបើគេសិក្សាខ្លឹមសារ នៃចារឹកឲ្យបានហ្មត់សត់ ដែលសព្វថ្ងៃកប់ពាក់កណ្តាលក្នុងដី គេពិតជាអាចមានការយល់ដឹងថ្មីមួយចំនួនទៀត ដែលជាគន្លឹះនៃប្រវត្តិសាស្ត្រក្នុងតំបន់ ។
    ដោយមើលឃើញនូវសារសំខាន់នៃប្រាសាទនេះ គប្បីអាជ្ញាធរពាក់ព័ន្ធ មេត្តាសង្គ្រោះប្រាសាទដ៏ចាស់ជរានេះផង ដែលចង់ឬមិនចង់ ត្រូវផ្សាភ្ជាប់ទៅនឹងកំណើតនៃទីក្រុងអង្គរ ជាពិសេសក្រុមប្រាសាទរលួស ដែលរួមានប្រាសាទលលៃ , ព្រះគោ និងបាគង ដែលត្រូវបានស្ថាបនាឡើយ នៅចុងស.តទី៩ នៃគ.ស ។ ក្នុងទិសដៅអភិរក្សខឿន និងសមាសធាតុ ស្ថាបត្យកម្មផ្សេងៗនៃប្រាសាទនេះ ឲ្យបានគង់វង្ស គប្បីមានការហ៊ុមព័ទ្ធបរិវេណ នៃប្រាសាទនេះ ដោយរបងលួស ព្រមទាំងប្រមូលបំណែកចម្លាក់ ជាពិសេសផ្ទាំងសិលាចារឹកដែលមានតំលៃកាត់ថ្លៃពុំបាន ដើម្បីយកទៅថែរក្សានៅអភិរក្ស ដ្ឋានសៀមរាប ៕
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger